Friday, January 24, 2014

ពុទ្ធកិច្ច៥យ៉ាង

*-ព្រះពុទ្ធជាម្ចាស់ជាអគ្គៈ ជាអច្ឆរិយៈចិត្តកល្យាណ ទោះបីទេព្ដាព្រហ្មប៉ុន្មាន មិនអាចប្រៀបបាននិងទ្រង់ឡើយ ។ *-រូបទ្រង់ជាក្ស័ត្រថ្លៃបវរ បានចាកចេញចរការរួមខ្នើយ ជាមួយពិម្ពារជាខ្នល់កើយ ព្រះអង្គឆ្លងត្រើយទៅរកធម៌ ។ *-ព្រះអង្គបានឆ្លងនូវទុក្ករៈ ចាកសង្សារចក្របានឃើញធម៌ គឺពោធិញ្ញាណយ៉ាងល្អះល្អ ឥតមានមនុស្សនិករណាប្រៀបបាន ។ *-កាលបើបានត្រាស់ទ្រង់សម្រេច ឥតមានថ្ងៃភ្លេចឬខកខាន តែងតែបំពេញទោះនឿយប្រាណ ក៏ក្នុងសណ្ដានទ្រង់ឥតថា ។ *-ពេលព្រឹកទ្រង់យាងចេញបិណ្ឌបាត ប្រោសសត្វតាមខ្នាតដែលជ្រះថា្ល មាននិស្ស័យខ្ពស់និងសាស្ដា ទ្រង់តែងមេត្តារាល់វេលា ។ *-វេលាសាយ័ន្តទ្រង់ទេសនា ប្រោសយាយប្រោសតាសត្វគ្រប់គ្នា បើបានក្រេបហើយព្រះធម្មា មនុស្សសត្វទេវាបានសុខា ។ *-បើសត្វណាមួយមាននិស្ស័យ និងព្រះធម៌ថ្លៃបានសោតា ជាផលពិសេសដល់អាត្មា បញ្ញាចាស់ក្លាឃើញធម៌ច្បាស់ ។ *-វេលាព្រលប់ទ្រង់ទូន្មាន សាវ័ករាប់លានកាលមិនច្បាស់ ក្នុងធម៌វិន័យឲ្យប្រឹងណាស់ យូរឆាប់គង់ឈ្នះអរហត្ត ។ *-លុះដល់រាត្រីព្រះសាស្ដា ដោះស្រាយបញ្ហាទេព្ដាសត្វ តែងចូលមកសួរឥតមានបាត់ ឲ្យតែយប់ស្ងាត់ចូលទៅថ្កាន ។ *-កាលដោះប្រស្នាទេព្ដាសួរ រួចរាល់តាមគួរព្រហាមបាន ឈានចូលមកដល់ព្រះទ្រង់ញាណ ទោរទន់ចូលឈានមើលនិស្ស័យ ។ *-ព្រលឹមស្រាងៗព្រះមានជោគ ព្រះអង្គទ្រង់យោគយល់សម័យ មើលនូវហេតុការណ៍ចារនិស្ស័យ សត្វក្នុងភពត្រៃតាមកម្មផល ។ *-សែសិបប្រាំឆ្នាំព្រះទ្រង់យស ប្រោសសត្វដោយស្មោះនិងបានផ្ដល់ ឳវាទល្អៗជាផ្លូវថ្នល់ ឲ្យសត្វដើរដល់និព្វានហោង ។ និពន្ធដោយ លោកបង វណ្ណារ័ត្ន

No comments:

Post a Comment